នេះបើតាមការដកស្រង់ចេញពី ព័ត៌មានក្នុងស្រុកបានឲ្យដឹងថា ការផ្អាកនេះ បានធ្វើឡើង ក្រោយពីប៉ូលីសចរាចរណ៍ បានដាក់ប៉ុស្ដិ៍ដើម្បីត្រួតពិនិត្យ អ្នកបើកបរ និងឯកសារផ្សេងៗពាក់ព័ន្ធ នឹងយានយន្ដ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ប្រហែលជាប៉ុន្មានថ្ងៃ និងបន្ទាប់ពីមានភាពចម្រូងចម្រាស ដែលសាធារណៈជននាំគ្នា រិះគន់ និងចោទជាសំនួរជាច្រើន ទាក់ទិនទៅនឹង ច្បាប់ថ្មីនេះ។ ក៏ដូចជាមកដល់ថ្ងៃទី ០៦ មករា ទំព័រហ្វេសប៊ុកផ្លូវការរបស់ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រី ប្រទេសកម្ពុជា បានប្រកាសជាផ្លូវការថា៖
" ក្រោយពីបានតាមដានស្តាប់នូវមតិយោបល់ សំណូមពរ និងសំណើរបស់បងប្អូនជនរួមជាតិ ជាពិសេស យុវជននិងសិស្សានុសិស្សទាក់ទងនិងតម្លៃនៃការ ធ្វើប័ណ្ណបើកបរម៉ូតូ ហើយក្រោយពីខ្ញុំបានពិភាក្សាជាមួយ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន គឺខ្ញុំបានសម្រេចបញ្ឈប់ មិនចាំបាច់អោយមានប័ណ្ណបើកបរ ចំពោះម៉ូតូចាប់ពីកម្លាំង 125 CC ចុះក្រោម ចាប់ពីពេលនេះតទៅ។ ដូច្នេះប្រជាពលរដ្ឋដែលបើកបរ ម៉ូតូមានកម្លាំងចាប់ពី 125 CC ចុះក្រោម គឺមិនចាំបាច់បង់ លុយថ្លៃធ្វើប័ណ្ណបើកបរ និងមិនចាំបាច់មានប័ណ្ណបើកបរឡើយ។ ប៉ុន្តែទន្ទឹមនឹងនេះ គឺសូមប្រជាពលរដ្ឋត្រូវតែរៀន ច្បាប់ចរាចរណ៍ និងបើកបរត្រូវតែ គោរពច្បាប់គ្រប់ៗគ្នា។ ខ្ញុំនឹងស្នើទៅអង្គការនីតិបញ្ញត្តិ ដើម្បីធ្វើវិសោធន:កម្មលើបទបញ្ញត្តិច្បាប់ដែលមានការ ពាក់ព័ន្ឋក្នុងពេលឆាប់ៗខាងមុខនេះ។ ខ្ញុំសង្ឃឹមថា នេះគឺជាការចូលរួមកាត់ បន្ថយនូវការចំណាយ និងការលំបាកទាំងឡាយរបស់ ប្រជាពលរដ្ឋទូទាំងប្រទេស។ "
មួយវិញទៀត ដោយសារតែការកំណត់ថ្ងៃបរិច្ឆេទនៃការអនុវត្ដន៍ច្បាប់ថ្មីនេះ បានធ្វើឲ្យប្រជាពលរដ្ឋនាំគ្នា សម្រុកទៅធ្វើ លិខិតស្នាម ដូចជា បណ្ណបើកបរ បណ្ណសម្គាល់យានយន្ដ វិញ្ញា បនបត្រត្រួតពិនិត្យលក្ខណៈ បច្ចេកទេស យានយន្ដ និងលិខិតអនុញ្ញាតធ្វើ អាជីវកម្មដឹកជញ្ជូនជាដើម។ គួរបញ្ជាក់ផងដែរថា រយៈពេល៤ថ្ងៃ ពោលចាប់ពីថ្ងៃទី១ ខែមករា រហូតដល់ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៦ ក្នុងប្រតិបត្តិការអនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេស កម្លាំងសមត្ថកិច្ចធ្វើ បានការត្រួតពិនិត្យយានយន្ត គ្រប់ប្រភេទជិត១០ម៉ឺន គ្រឿង ក្នុងនោះផាកពិន័យ បានជាង២ម៉ឺនគ្រឿង និងអប់រំអ្នកបើកយានយន្តជាង១ម៉ឺនគ្រឿង នេះបើតាមការអះអាងរបស់ ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាន នគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់។
![](https://s3.kh1.co/95b04e5e0e749b1c75715568056f6970f533035c.jpg)
យ៉ាងណាមិញ ក្រោយពីផ្អាកមួយរយៈពេលនេះ គណៈកម្មធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអំពាវនាវជាថ្មីឲ្យ សាធារណជន រួសរាន់ទៅបំពេញ បែបបទផ្សេងៗនៅមន្ទីរសាធារណការ និងដឹកជញ្ជូនគ្រប់រាជធានី ខេត្តឲ្យបានទាន់ពេលវេលា តាមលក្ខខណ្ឌ បើកបរយានយន្ដ ការត្រួតពិនិត្យលក្ខណៈបច្ចេទេសយានយន្ដ និងការធ្វើលិខិតអនុញ្ញាតអាជីវកម្ម ដឹកជញ្ជូនជាដើម ដែលការអនុវត្ដន៍នៃច្បាប់ចរាចរណ៍ថ្មី នាថ្ងៃទី១៥ ខែមីនាខាងមុខនេះ នឹងចាប់ផ្ដើម ធ្វើការត្រួតពិនិត្យរាល់ បទល្មើសទាំងអស់ ដែលមានចែងក្នុងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក ក្នុងនោះរួមទាំងការ ត្រួតពិនិត្យលិខិតស្នាមផងដែរ។
ងាកមកនិយាយពី ការត្រួតពិនិត្យលក្ខណៈបច្ចេសទេសយានយន្ដ ដែលភាសាសាមញ្ញ ហៅថា " ឆៀក " នេះ យើងអាចសង្កេតថា មណ្ឌលត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានយន្ដ (ឆៀកឡាន) ដែលមានទីតាំងនៅ ម្ដុំផ្លូវជាសុផារ៉ា ជាប់នឹងស្នងការ នគរបាលរាជធានីភ្នំពេញ ត្រូវបានបងប្អូនប្រជាពលរដ្ឋនាំគ្នា រអ៊ូរទាំ ដោយសារតែ មនុស្សជាច្រើនដែលជាម្ចាស់ រថយន្ដប្រភេទ តូច និងធំ នាំគ្នា បាក់ទៅធ្វើ ភ្លូកទឹកភ្លូកដី តម្រង់ជាជួរជាច្រើនគីឡូដី កាលពីចុងខែធ្នូ ឆ្នាំ២០១៦ ហើយនេះបើតាមបទពិសោធន៍ ក្រុមការងារខ្មែរឡូត ចុះទៅឃើញផ្ទាល់ និងបើតាមការសាកសួរពី អ្នកនៅម្ដុំនោះ បានឲ្យដឹងថា ម្ចាស់យានយន្ដមួយចំនួន បានមកឈប់រងចាំ នៅពីមុខមណ្ឌល តាំងពីម៉ោង ២ាទាបភ្លឺ ដែលបង្កឲ្យមានស្ទះចរាចរណ៍ជាខ្លាំង ពីព្រឹកទល់ល្ងាច។
![](https://s3.kh1.co/70ae9f2bf693747731fbb2e34e0f6dd32876393d.jpg)
![](https://s3.kh1.co/e4035c5b9849b3c9b3b16aa01c770b5c26391354.jpg)
រូបភាពកកស្ទះនៅម៉ោង ៧ព្រឹក នៅកន្លែងមណ្ឌលត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានយន្ដ (ឆៀកឡាន) ដែលមានទីតាំងនៅ ម្ដុំផ្លូវជាសុផារ៉ា ជាប់នឹងស្នងការ នគរបាលរាជធានីភ្នំពេញ
ដោយសារតែជួបនឹងការកកស្ទះ និងចំណាយពេល ២ដង ដោយសុំច្បាប់ធ្វើការដូចជា ពេលថ្ងៃត្រង់ជិះ ទៅកន្លែងឆៀកមួយសារ ហើយស្អែកព្រឹកងើបពី ម៉ោង៥ទៅកន្លែងឆៀក ដែលនៅម្ដុំផ្លូវជាសុផារ៉ាម្ដងទៀត ដែលសង្ឃឹមថា នឹងបានទទួលការត្រួតពិនិត្យ តែបែរជាបរាជ័យ ទើបជម្រុញឲ្យ ក្រុមការងារខ្មែរឡូត ព្យាយាមស្រាវជ្រាវ និងសាកសួរពីអ្នកស្គាល់ រកទីតាំងឆៀកមួយកន្លែងទៀត ដែលមាននៅក្នុងក្រុងភ្នំពេញ។ លើកនេះ ពិតជាទទួលជោគជ័យ ដែលទីតាំងឆៀករថយន្ដមួយកន្លែងទៀត ស្ថិតនៅម្ដុំចំការដូង ខណ្ឌដង្កោ ដែលមនុស្សជាច្រើន មិនសូវជាស្គាល់ ពិតជាមាន សភាពទូលាយ ងាយស្រួលទាំងការឆៀក និងបំពេញឯកសារ ដែលបានដាក់សម្ពោធឲ្យ ប្រើប្រាស់កាលពីថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០១៥។
![](https://s3.kh1.co/eb66ec365399009e3eef3e12b1f91d348856cbe9.jpg)
![](https://s3.kh1.co/3742c626282f13eac9c121c6efeecb611563cc6e.jpg)
រូបភាពពីមុខ ទីតាំងថ្មី នៅម្ដុំចំការដូង
សម្រាប់ទីតាំង មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ដនេះ គឺស្ថិតនៅក្នុង តំបន់ចំការ ដូង ស្ថិតក្នុងខណ្ឌ ដង្កោ រាជធានីភ្នំពេញ ដែលប្រិយមិត្ដអាចធ្វើដំណើរ តាមផ្លូវជើងឯក(ផ្លូវទំនប់ទឹក) ៣៧១ និងជិះត្រង់រហូត ដល់ផ្លូវបំបែក និងបត់មកខាងឆ្វេងដៃ ផ្លូវលេខ ២៧១ ដែលប្រិយមិត្ដនឹងឃើញស្ពានដែកមួយ ហើយជិះត្រង់រហូត ហួសសាលាចំការដូងកសិកម្ម មួយស្របក់ នឹងឃើញផ្ទាំងផ្លាកពណ៌ខៀវ ដែលធំគួរសម នៅខាងឆ្វេងដៃ និងដាក់ថា មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ដ។ បន្ទាប់ពីប្រិយមិត្ដបត់ចូល និងជិះហួសដីឡូបន្ដិច នោះប្រិយមិត្ដ នឹងឃើញ មណ្ឌលនៅខាងឆ្វេងដៃ ដែលមានទីតាំងធំទូលាយ។
![](https://s3.kh1.co/82e159e89c0cc7711a9c51b34e0130f35b58e3ad.jpg)
![](https://s3.kh1.co/3572ad716d14f7708af4f091d54d07692fa3e4e5.jpg)
![](https://s3.kh1.co/77b1f918f9e593496fa95eff388d754ae7f5f885.jpg)
រូបភាព ពីក្នុងទីតាំង មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ដនេះ គឺស្ថិតនៅក្នុង តំបន់ចំការដូង
ទន្ទឹមនឹងនេះ រថយន្ដក្រុមការងារខ្មែរឡូត ដែលបានហួសការត្រួតពិនិត្យលក្ខណៈបច្ចេកទេស តាំងពីឆ្នាំ ២០១៣ មិនត្រូវបានទទួល ការផាកពិន័យនោះទេ ដោយទំនងប្រហែលជា មានការអនុគ្រោះពីរដ្ឋាភិបាល ក្នុងការលើកទឹកចិត្ដដល់ ម្ចាស់យានយន្ដឲ្យរួសរាន់ មកត្រួតពិនិត្យលក្ខណៈបច្ចេកទេស មុននឹងថ្ងៃទី ១៥ ខែមីនាមកដល់ ដែលជាធម្មតា ត្រូវទទួលការពិន័យក្នុងមួយថ្ងៃ ៥០០រៀល នោះបើគិតជាការពិន័យមែន រថយន្ដក្រុមការងារខ្មែរឡូត ប្រហែលជាត្រូវបង់ប្រាក់ សរុបជិត ៤សែនរៀល។ អ្វីដែលអាចមើលឃើញ យ៉ាងច្បាស់នោះ គឺក្រុមការងារបុគ្គលិក ត្រួតពិនិត្យរថយន្ដមានភាព រួសរាយរាក់ទាក់ និងទទួលស្វាគមន៍ យ៉ាងកក់ក្ដៅ ហើយសម្រាប់អ្នក ដែលមិនចង់ចំណាយពេល ក្នុងការបំពេញសំណុំឯកសារ ក្នុងការឆៀករថយន្ដ នៅទីនោះក៏មានការសេវា ក្នុងការជួយរត់ការផងដែរ ក្នុងតម្លៃដ៏សមរម្យ។ ក្នុងការចំណាយពេលឆៀករថយន្ដនេះ គឺចំណាយពេលត្រឹមតែ ១ម៉ោងប៉ុណ្ណោះ ពិតជាងាយស្រួល និងឆាប់រហ័ស។
![](https://s3.kh1.co/9667f43194de2c092bb34c9417a37530f162c2c4.jpg)
![](https://s3.kh1.co/65fb91621d35bf35baf95ad24e411f9c5856762d.jpg)
![](https://s3.kh1.co/f47687c0ff806a41c47ad6c41c951dcbe917e1c5.jpg)
![](https://s3.kh1.co/dda2e445cbf2887ca3d5df5894716b11b135bd7f.jpg)
ទីតាំងសម្រាប់ការត្រួតពិនិត្យរថយន្ដ
សម្រាប់ប្រិយមិត្ដ ដែលមិនទាន់បានឆៀករថយន្ដ សូមរួសរាន់ ទៅធ្វើការត្រួតពិនិត្យទាំងអស់គ្នា ដែលប្រិយមិត្ដ អាចអញ្ជើញមក កាន់មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ដនេះ ដែលស្ថិតនៅក្នុង តំបន់ចំការដូង ស្ថិតក្នុងខណ្ឌ ដង្កោ រាជធានីភ្នំពេញ ដូចដែលខ្មែរឡូតបានរៀបរាប់ខាងលើ ដើម្បីបញ្ចៀសការកកស្ទះ នៅមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេស យានយន្ដនេះ ដែលស្ថិតនៅម្ដុំផ្លូវជាសុផារ៉ា។
គួរបញ្ជាក់ថា យោងតាមរបាយការណ៍ក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា រហូតមក ដល់ពេលនេះ មានមណ្ឌលត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានយន្ដសរុប ចំនួន៦កន្លែង នៅទូទាំងប្រទេស ក្នុង នោះរាជធានីភ្នំពេញចំនួនពីរកន្លែង, ខេត្ដកំពង់ចាមមួយកន្លែង, បាត់ដំបង មួយកន្លែង, សៀមរាបមួយកន្លែង និងខេត្ដព្រះសីហនុមួយកន្លែង ហើយ គ្រោងនឹងបើកដំណើរការនៅក្នុង ខេត្ដក្រចេះមួយកន្លែងទៀតនាពេល ឆាប់ៗខាងមុខ៕
0 comments:
Post a Comment